ទ្រង់ប្រោសនាងពិម្ពារ


ជ័យជំនះដែលមិនមានពៀរ


អក្កោធេន ជិនេ កោធំ អសាធុំ
សាធុនា ជិនេ ជិនេ កទរិយំ ទានេន សច្ចេនាលិកវាទិនំ។
បុគ្គលកប្បីឈ្នះមនុស្សក្រោធខឹង
ដោយការមិនក្រោធខឹងតប កប្បីឈ្នះមនុស្សមិនល្អ ដោយសេខក្ដីល្អ កប្បីឈ្នះមនុស្សកំណាញ់ ដោយការឱ្យទាន កប្បីឈ្នះមនុស្សនិយាយឡេះឡោះ
ឥតបានការ ដោយការនិយាយ
ពាក្យពិតមានប្រយោជន៍។


នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខដទៃណាក្រៅអំពីសេចក្ដីស្ងប់ឡើយ...។




Music

Loading…

Members

  • ភិក្ខុ ខន្តិបាលោ
  • syen
  • MengSeng
  • Huot Virakboth
  • Sina Hoeurn

ពត៌មានថ្មី

Loading… Loading feed

 

សូមស្វាគមន៍មកកាន់បណ្ដាញ " ព្រះធម៌សម្រាប់អ្នក "


សូមអានបន្ថែមនៅ បណ្ដាញ នេះ

បុគ្គលណាមួយ បាន ឃើញព្រះធម៌ បុគ្គល នោះក៏ដូចជាបានឃើញនូវ, បានឃើញ នូវ ព្រះតថាគត ។ ដូច្នេះបុគ្គលគ្រប់រូបគួរសិក្សាព្រះធម៌ដោយគោរព។ បណ្ដាញ ព្រះធម៌ សម្រាប់អ្នក គឺជាតំបន់បណ្ដាញ សម្រាប់ស្វែងយល់និង សិក្សានូវវិជ្ជា ព្រះពុទ្ធសាសនាដើម្បីទុកជាទ្រព្យនាពេលបរលោក...។

ព្រះគាថាធម្មបទ

ការងារមានប្រយោជន៍គួរខិតខំធ្វើវិជ្ជាចេះស្ទើគួរខំបំពេញ អកុសលមាននៅ គួរលះចេញជូញមានចំណេញគួរខំជូញ...។



ធ្វើយ៉ាងណាទើបបាត់ក្រោធ?

ព្រះពុទ្ធសាសនា ជាសាសនានៃមេត្តាករុណា ។ ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ព្រះអង្គមាននូវព្រះគុណដ៏ធំធេងដែលចែកទៅជាច្រើនផ្នែក ក្នុងនោះមានផ្នែកមួយដ៏ធំ គឺព្រះមហាករុណាគុណហ្នឹងឯង ។ ពុទ្ធបរិស័ទគ្រប់គ្នា បានទទួលការទូន្មានអប់រំឱ្យមាននូវមេត្តាករុណា ឱ្យចេះ មានការជួយទំនុកបម្រុងគ្នាដោយកាយវាចា និងមានទឹក ចិត្តប្រាថ្នាល្អ ។ សូម្បីតែមិនបានធ្វើនូវអ្វីដទៃ ក៏ត្រូវឱ្យ ចម្រើនមេត្តាផ្សាយដល់ពពួកមនុស្ស រហូតដល់សត្វទាំងពួងផ្សេងទៀត សូមឱ្យរស់នៅជាសុខ ប្រាសចាកភ័យនិង ពៀរគ្រប់គ្នាទាំងអស់ ។
យ៉ាងណាក៏ដោយ មេត្តា រមែងមានគូប្រឆាំងដ៏ សំខាន់មួយគឺ កោធៈ សេចក្តីខឹងក្រោធ ។ សេចក្តីក្រោធ ជាសត្រូវដែលចាំតែរារាំងមិនឱ្យមេត្តាកើតឡើងបាន ។ មនុស្សខ្លះជាអ្នកច្រើនដោយសេចក្តីក្រោធ កាលដែលមាន សេចក្តីខឹងក្រោធកើតឡើងហើយ ក៏ត្រូវធ្វើនូវអ្វីឱ្យមាន ភាពរម៉ាំងរម៉ោកកើតឡើង គឺដូចជាបោកបោះនូវរបស់ ផ្សេងៗ ឬពាក្យសម្តីនិយាយខ្ជាំងៗខ្លាំងៗជាដើម មាន រហូតដល់ថ្នាក់ធ្វើឱ្យវិនាសសម្បត្តិទ្រព្យធំដុំទៀតផង ។ បើ ធ្វើអ្វីមិនបានទេ ក៏គង់នៅស្ងៀមមិននិយាយស្តី ធ្វើមុខ ក្រញូវ នៅដោយការក្តៅងំក្នុងចិត្ត គឺសម្ងំដុតចិត្តខ្លួនឯង។ ក្នុងវេលានោះមេត្តាគេចខ្លួនបាត់ទៅហើយ មិនដឹងជាទៅ ពួនក្នុងទីណានោះទេ មិនព្រមចេញមុខមកសោះ ចំណែក សេចក្តីក្រោធវិញ ទាំងដែលមិនត្រូវការផងនោះ គឺវាមិន ព្រមគេចចេញទៅណាឡើយ ទោះជាមានពេលខ្លះដឹងឹថា លំបាកហើយបាបទៀត តែក៏មិនដឹងថា ត្រូវបណ្តេញ ឬ កម្ចាត់វាចោលឱ្យអស់ទៅយ៉ាងណាដែរ ។
បណ្ឌិតលោកដឹងចិត្តមនុស្សដែលក្រោធថា មានសភាពបែបណាហើយនោះ ទើបលោកខំព្យាយាមជួយដោយការប្រាប់វិធីផ្សេងៗ សម្រាប់រម្ងាប់សេចក្តីក្រោធ ។
វិធីរម្ងាប់សេចក្តីក្រោធទាំង ១២ មុខក្នុងសៀវភៅ នេះ មានប្រយោជន៍មិនចំពោះតែមនុស្សដែលច្រើនដោយ សេចក្តីក្រោធប៉ុណ្ណឹងទេ គឺជាគតិដល់មនុស្សគ្រប់គ្នា ជួយ ឱ្យឃើញទោសនៃសេចក្តីក្រោធ និងជួយឱ្យឃើញគុណ របស់មេត្តាកាន់តែក្រៃលែងឡើងទៀតផង ។
ដូច្នេះសូមពុទ្ធបរិស័ទ ពិចារណា សិក្សាអប់រំចិត្ត តាមការណែនាំរបស់បណ្ឌិត ក្នុងវិធីសម្រាប់រម្ងាប់សេចក្តី ក្រោធទាំង ១២ មុខនៅក្នុងសៀវភៅនេះ ហើយកាន់យក នូវប្រយោជន៍ពិតប្រាកដ រៀងៗ ខ្លួនទៅហោង ។

ពិចារណាដល់ភាពសៅហ្មងនៃបុគ្គលក្រោធ

គប្បីពិចារណាក្នុង ៣ ចំណុចនេះ ៖
១-ប្រដៅខ្លួនឯងឱ្យនឹកឃើញថា ព្រះពុទ្ធជាម្ចាស់ របស់យើង ទ្រង់មានព្រះមហាករុណាទិគុណ ព្រះអង្គ ទូន្មានពុទ្ធបរិស័ទឱ្យជាមនុស្សមានមេត្តា តែបែរជាយើង ក្រោធហើយ មិនរម្ងាប់សេចក្តីក្រោធ នេះជាការមិនបដិ- បត្តិតាមពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះអង្គ ជាការមិន គោរពព្រះសាស្តា គឺថាយើងមិនសមធ្វើជាសិស្សរបស់ ព្រះអង្គឡើយ ដូច្នេះ យើងត្រូវតែប្រញាប់ធ្វើខ្លួនឱ្យសមជា សិស្សរបស់ព្រះពុទ្ធ និងឱ្យជាពុទ្ធបរិស័ទដ៏ល្អតទៅ ។
២-ព្រះពុទ្ធជាម្ចាស់ត្រាស់ប្រដៅថា មនុស្សដែល ក្រោធមុនគេគឺចាត់ថាអាក្រក់ហើយ ចំណែកមនុស្សដែលមិនមានសតិភ្ញាក់រលឹក វង្វេងខឹងក្រោធតបទៅគេវិញ គឺ ជាការសាងនូវសេចក្តីអាក្រក់ឱ្យវែងឆ្ងាយ ឬឱ្យរឹតតែច្រើន ឡើង នេះចាត់ថា អាក្រក់ជាងអ្នកដែលក្រោធមុននោះ ទៅទៀត ដូច្នេះ យើងជាសិស្សរបស់ព្រះពុទ្ធ យើងត្រូវ សិក្សាថា « អាតμអាញ កុំជាមនុស្សអាក្រក់ ទាំងកុំជា មនុស្សអាក្រក់ជាងគេទៀតឡើយ » ។
៣-ព្រះពុទ្ធជាម្ចាស់ទ្រង់ទូន្មានជាបន្តថា គេក្រោធ មករកយើង យើងមិនក្រោធតបទៅគេវិញ យ៉ាងនេះហៅ ថា ឈ្នះសង្គ្រាមដែលឈ្នះបានដោយកម្រ ។
កាលដឹងទាន់ថា អ្នកដទៃគេខឹងក្រោធមកហើយ យើងមានសតិរម្ងាប់ចិត្តបាន មិនខឹងក្រោធតប ឈ្មោះថា ជាអ្នកធ្វើប្រយោជន៍ឱ្យបានសម្រេចទាំងពីរខាង គឺខាង អ្នកដទៃ និងខាងខ្លួនឯង ព្រោះដូច្នោះ យើងជាពុទ្ធបរិស័ទ ចូរកុំធ្វើខ្លួនឱ្យជាអ្នកចាញ់សង្គ្រាម ចូរជាអ្នកឈ្នះសង្គ្រាម និងជាអ្នកសាងប្រយោជន៍ កុំជាអ្នកសាងសេចក្តីវិនាស ហិនហោចឡើយ ។

ពិចារណាទោសនៃសេចក្តីក្រោធ

ក្នុងចំណុចនេះព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សម្តែង ទុកមកច្រើនណាស់ ដូចជា ៖
បុគ្គលក្រោធរមែងមានពណ៌សម្បុរមិនស្អាត ដេក ជាទុក្ខ បែកមិត្ត អស់យស ៘ បុគ្គលអ្នកក្រោធមិនដឹង ថាសេចក្តីក្រោធនោះ គឺជាភ័យដែលកើតឡើងក្នុងខ្លួនទេ។ បុគ្គលអ្នកក្រោធខឹង រមែងមិនដឹងប្រយោជន៍ រមែងមិន ឃើញធម៌ ។ បុគ្គលដែលសេចក្តីក្រោធគ្របសង្កត់មាន តែភាពងងឹតប៉ុណ្ណោះ ។ បុគ្គលអ្នកក្រោធធ្វើនូវអំពើ អាក្រក់បានដោយងាយហាក់ដូចជាធ្វើអំពើល្អ ប៉ុន្តែលុះដល់ក្រោយមក កាលបើបាត់ក្រោធហើយ ក៏មានការ ក្តៅក្រហាយស្តាយក្រោយដូចជាត្រូវភ្លើងឆេះ ។
មនុស្សក្រោធ រមែងសម្តែងនូវមុខក្រញូវជាដំបូង ដូចភ្លើងមុននឹងឆេះរមែងញ៉ាំងផ្សែងឱ្យកើតឡើងសិន លុះ ដល់កាលណា សេចក្តីក្រោធសម្តែងនូវតេជានុភាពហើយ កាលនោះ មនុស្សក្រោធ រមែងមិនខ្លាចអ្វីឡើយ ការខ្មាសអៀនក៏មិនមាន សេចក្តីគោរពក៏មិនមាន គេរមែងធ្វើនូវ អំពើវិនាសផ្សេងៗ ដូចជាភ្លើងឆេះព្រៃឬឆេះភូមិអ្នកស្រុក ដូច្នោះឯង។
មនុស្សក្រោធសម្លាប់ឪពុក សម្លាប់ម្តាយរបស់ខ្លួន ឯងក៏បាន សម្លាប់ព្រះអរហន្តក៏បាន សម្លាប់មនុស្សណាៗ ក៏បានទាំងអស់ សូម្បីតែខ្លួនឯង ។
គ្រោះកាចអ្វីស្មើនឹងទោសៈមិនមាន ។
កំហុសអ្វីស្មើនឹងទោសៈមិនមាន ។
សេចក្តីក្រោធមានទោស បង្កផលអាក្រក់ឱ្យមក សន្ធឹកសន្ធាប់ ដូចជាព្រះពុទ្ធវចនៈដែលបានសម្តែងមកនេះ បញ្ជាក់ឱ្យដឹងស្រាប់ហើយ ។ សូម្បីរឿងរ៉ាវនៅក្នុងនិទាន ផ្សេងៗ និងក្នុងជីវិតបច្ចុប្បន្នពិតៗក៏មានសន្ធឹកសន្ធាប់ដែរ សុទ្ធតែសម្តែងឱ្យឃើញថា ការខឹងក្រោធមានតែធ្វើឱ្យ កើតសេចក្តីវិនាសខូចខាត មិនមានផលអ្វីល្អទេ ទើបគួរ កម្ចាត់បង់ចោល មិនត្រូវទុកឱ្យឋិតនៅឡើយ។ សម្លាប់អ្វី ដទៃអាចមកដេកជាទុក្ខ តែសម្លាប់សេចក្តីក្រោធហើយ រមែងដេកជាសុខជារៀងរហូត ។

នត្ថិ ខន្ធសមា ទុក្ខា
សេចក្តីទុក្ខទាំងពួងស្មើដោយខន្ធមិនមានឡើយ ។

នត្ថិ សន្តិបរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់មិនមានឡើយ ។

ពិចារណាដល់សេចក្តីល្អរបស់គេ

ជាធម្មតាមនុស្សយើងដោយទូទៅ ម្នាក់ៗ រមែង មានចំណុចល្អខ្លះ មានចំណុចអាក្រក់ខ្លះ នឹងរកមនុស្សល្អ សុទ្ធ មិនឱ្យមានចំណុចខ្វះខាតសោះនោះមិនបានឡើយ។
មានចំណុចខ្លះ យើងថាល្អ អ្នកដទៃថាមិនល្អ ចំណុចខ្លះទៀត យើងថាមិនល្អ តែអ្នកដទៃគេថាល្អ ។ រឿងរ៉ាវ លក្ខណៈ ឬការធ្វើរបស់អ្នកដទៃ ដែលធ្វើឱ្យយើង ក្រោធនោះ គឺជាចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់គេ ម៉្យាង ឬអាចជាផ្នែកដែលមិនត្រូវចិត្តយើង ។ កាលបើ ចំណុចមិនល្អរបស់គេ ឬផ្នែកណាមួយរបស់គេដែលមិន ត្រូវចិត្តយើងនោះ ធ្វើឱ្យយើងក្រោធខឹង យើងកុំចេះតែ នឹកដល់ចំណុចនោះ ផ្នែកនោះរបស់គេតែប៉ុណ្ណោះ គប្បី បែរទៅមើលឬរលឹកដល់សេចក្តីល្អរបស់គេផង សេចក្តីល្អ មានដោយកាយ មានដោយវាចា និងមានដោយចិត្ត ។
ម៉្យាងទៀត ដែលថាគេជាមនុស្សមិនល្អ ហើយធ្វើ ឱ្យយើងក្រោធនោះ គឺដោយសារតែលោភៈទោសៈមោហៈ ក្នុងខ្លួនរបស់គេហ្នឹងឯង ទើបធ្វើឱ្យគេទៅជាមនុស្សមិនល្អ យ៉ាងនេះមួយ យ៉ាងនោះមួយ ។ ក្នុងមនុស្សម្នាក់ៗទោះ ជាអាក្រក់សាមាន្យ ឬសាហាវយង់ឃ្នងយ៉ាងណាក៏ដោយ បើដកយកលោភៈ ទោសៈ និងមោហៈ ចេញអស់ហើយ ក៏ គឺជាព្រះអរហន្តដែលគួរឱ្យយើងថ្វាយបង្គំគោរពបូជាពិតៗ ដូច្នេះ យើងត្រូវរៀនពិចារណា ឱ្យឃើញលោភៈថាជា លោភៈ ឃើញទោសៈ ថាជាទោសៈ ឃើញមោហៈថាជា មោហៈ តាមសភាវៈពិត គឺត្រូវឱ្យឃើញច្បាស់ថាវាជា កិលេសមារនៅជ្រែកក្នុងមនុស្សគ្រប់គ្នា ។ ការពិចារណា ឃើញយ៉ាងនេះ នាំឱ្យយើងកាត់បន្ថយនូវការប្រកាន់ទោស របស់មនុស្សផងគ្នា ហើយបន្ថែមការចម្រើនករុណាធម៌ ទៅលើសត្វលោកទាំងអស់វិញ ព្រមទាំងខ្លួនយើងផង
ព្រោះថា សត្វលោកទាំងអស់ព្រមទាំងខ្លួនយើង សុទ្ធតែ ជាអ្នកត្រូវកិលេសមារបៀតបៀន ។

ពិចារណាថាជាការដាក់ទោសខ្លួនឯងឱ្យសមចិត្តសត្រូវ

ធម្មតាសត្រូវរមែងប្រាថ្នាអាក្រក់ ចង់ឱ្យកើតនូវ សេចក្តីវិនាសហិនហោចដល់គ្នានឹងគ្នា ។
មនុស្សក្រោធនឹងសាងនូវសេចក្តីវិនាសឱ្យដល់ខ្លួន ឯងច្រើនយ៉ាង ដោយសត្រូវមិនចាំបាច់ធ្វើអ្វីឱ្យលំបាកផង ក៏បានសមចិត្តរបស់គេ ដូចជា សត្រូវប្រាថ្នាថា សូមឱ្យវា មិនល្អមិនស្អាត មានពណ៌សម្បុរអាក្រក់ ឬសូមឱ្យវាដេក ជាទុក្ខ សូមឱ្យវាវិនាសហិនហោចនូវប្រយោជន៍ សូមឱ្យ វាវិនាសនូវទ្រព្យសម្បត្តិ វិនាសយស វិនាសចាកមិត្ត និង សូមឱ្យវាស្លាប់ទៅធ្លាក់នរកជាដើម ។ ជាទីសង្ឃឹមបានដូច ចិត្តរបស់សត្រូវ ត្រង់ដែលបុគ្គលអ្នកក្រោធហើយ បានធ្វើ នូវសេចក្តីវិនាសទាំងនេះឱ្យកើតមានដល់ខ្លួន សមតាម បំណងដែលសត្រូវរបស់គេប្រាថ្នាហើយ ។
ដោយហេតុនេះ សត្រូវដែលពូកែ ទើបរកវិធី ក្លែងញុះញង់ ឱ្យផ្នែកម្ខាងទៀតមានការខឹងក្រោធដោយ ប្រការផ្សេងៗ ឬក៏ឱ្យមានការបែកបាក់គ្នា ។ កាលបើបាន ដឹងដូចនេះហើយ គឺមិនត្រូវប្រទូសរ៉ាយខ្លួនឯងដោយការ ខឹងក្រោធឡើយ ។
វាជាការត្រឡប់បកទៅវិញ កាលបើអាចគ្រប់គ្រង ចិត្តបាន គឺប៉ះនឹងអារម្មណ៍ដែលនាំឱ្យក្រោធក៏មិនក្រោធ មិនមានចិត្តញាប់ញ័រ សម្បុរមុខផូរផង់ អាកប្បកិរិយាមិន ខុសប្រក្រតី ធ្វើការងារអ្វីៗរបស់ខ្លួនទៅតាមធម្មតាយ៉ាង នេះ រមែងធ្វើឱ្យអ្នកដែលប្រាថ្នាមិនល្អមកលើនោះ បែរ ទៅជាមានសេចក្តីទុក្ខទោមនស្សដោយខ្លួនឯងទៅវិញ ឯ អ្នកដែលមិនក្រោធក៏ត្រូវបានសម្រេចនូវប្រយោជន៍ មិន មានអ្វីត្រូវវិនាសហិនហោចនោះទេ ។
ការមិនក្រោធមានតែការចម្រើន ធ្វើឱ្យសម្បូណ៌ មិត្តខ្សត់សត្រូវ និងទទួលបាននូវជ័យជម្នះក្នុងជីវិត ដែល ជាជ័យជម្នះមិនត្រឡប់ចាញ់វិញឡើយ ។

ពិចារណាថាយើងក្រោធគឺសាងទុក្ខឱ្យខ្លួនឯង

គប្បីពិចារណាក្នុង ៧ចំណុចនេះ ៖
១-ប្រហារផ្លូវចិត្តខ្លួនឯងព្រោះសេចក្តីក្រោធ បើយើង ត្រូវចោរបៀតបៀន ក៏ចំពោះតែផ្លូវកាយប៉ុណ្ណោះ ឯ ចំណែកខ្លួនឯងវិញ ព្រោះការខឹងក្រោធកើតឡើង បាន ប្រហារ បានបៀតបៀន បានដុតរោលដល់សន្តានចិត្ត របស់ខ្លួនឯង ព្រោះហេតុនេះ បើយើងគិតថា មេត្តាគេ មិនបានទេ គឺសូមកុំភ្លេចមេត្តាខ្លួនឯងឱ្យសោះ កុំដុតចិត្ត ខ្លួនឯងដោយសេចក្តីក្រោធឡើយ ។
២-គាំទ្រសេចក្តីក្រោធ ដែលកាត់ឫសគល់នៃកុសល ទាំងឡាយរបស់ខ្លួន សេចក្តីក្រោធធ្វើឱ្យយើងវិនាសនូវ កុសលគ្រប់យ៉ាង មានកុសលសីលជាដើម កាលបើយើង
គាំទ្រសេចក្តីក្រោធ តើយើងហ្នឹងល្ងង់ប៉ុនណាទៅ ?
៣-ធ្វើអំពើព្រៃផ្សៃឱ្យដល់ខ្លួនឯង ព្រោះសេចក្តីក្រោធ យើងកើតទុក្ខមិនសុខចិត្ត ដោយគិតថា គេបានធ្វើអំពើ ព្រៃផ្សៃរំលោភបំពានមកលើយើង ចុះចំណែកខ្លួនយើង ដែលដុតចិត្តខ្លួនឯង ឱ្យក្តៅរោលរាល និងដុតបំផ្លាញនូវ គុណធម៌ផ្សេងៗទៀតជាច្រើនរបស់ខ្លួននោះ តើវាព្រៃផ្សៃ ប៉ុនណាដែរទៅ ?
៤-វាជាចំណុចខ្សោយរបស់យើង កាលបើអ្នកដទៃ ចង់បៀតបៀនយើង គេប្រើនូវល្បិចកលផ្សេងៗដើម្បីឱ្យ យើងខឹងក្រោធ ដូច្នេះការខឹងក្រោធវាជាចំណុចខ្សោយ មួយរបស់យើង ដែលធ្វើឱ្យបំណងរបស់គេបានសម្រេច ។
៥-គួរឱ្យតិះដៀលខ្លួនឯងណាស់ នៅពេលដែលយើង ខឹង ទោះជាយើងប្រាថ្នាបៀតបៀនគេក្តី ឬមិនប្រាថ្នាក្តី តែ

វាបានបៀតបៀនខ្លួនឯងរួចស្រេចទៅហើយ។ តាមធម្មតាយើងស្រឡាញ់ខ្លួនឯងខ្លាំងណាស់ តែដល់ពេលខឹងក្រោធ យើងល្ងង់ដល់ថ្នាក់បៀតបៀនខ្លួនឯង ។
៦-ឡើងកាន់ផ្លូវទៅរកគ្រោះថ្នាក់ បើយើងដឹងថាពួក អ្នកក្រោធទាំងឡាយ ឡើងកាន់ផ្លូវគ្រោះថ្នាក់ ផ្លូវមរណៈ ទៅហើយនោះ ហេតុអ្វីយើងត្រូវទៅតាមផ្លូវនោះដែរ ឬ មួយយើងមិនដឹងថា សេចក្តីក្រោធជាផ្លូវនៃសេចក្តីវិនាស អន្តរាយទេ ?
៧-ខន្ធ ៥ ជាទុក្ខ ឬព្រោះយើងកើតមកទើបយើង មានទុក្ខ មានសត្រូវណាមកធ្វើទុក្ខឱ្យយើងបាន បើយើង មិនកើតមកទេនោះ អធិប្បាយថា ព្រោះបញ្ចក្ខន្ធកើតឡើង ទើបមានទុក្ខ ទុក្ខរមែងមិនមាន កាលណាដែលអស់ បញ្ចក្ខន្ធ ។

អកោធេន ជិនេ កោធំឈ្នះសេចក្តីក្រោធបានដោយការមិនក្រោធ ។

ពិចារណាថាសត្វមានកម្មជារបស់ខ្លួន

គប្បីពិចារណាថា ទាំងយើងទាំងគេ សុទ្ធតែមាន កមμជារបស់ខ្លួន រៀងៗខ្លួន ធ្វើកមμអ្វីទុកមកក៏បានទទួល ផលនៃកម្មនោះ ។ ផ្តើមដោយការពិចារណាខ្លួនឯងថា បើយើងក្រោធហើយ ទោះជាធ្វើអ្វីក៏ដោយ ការធ្វើរបស់ យើងនោះកើតពីទោសៈដែលជាអកុសលមូល កម្មរបស់ យើងីក៏រមែងជាកម្មអាក្រក់ ដែលនឹងបង្កឱ្យកើតផលអាក្រក់ មានតែសេចក្តីក្តៅក្រហាយ មិនជាប្រយោជន៍ក្នុង លោកនេះ ហើយយើងនឹងទទួលផលរបស់កម្មនោះតទៅ មុខវែងឆ្ងាយទៀត ។
ម៉្យាងទៀត កាលបើយើងធ្វើកម្មអាក្រក់ដែលកើត អំពីទោសៈនោះ មុននឹងយើងបៀតបៀនបំផ្លាញអ្នកដទៃ យើងបានប្រទូសរ៉ាយជាមួយនឹងខ្លួនឯង ដុតរោលខ្លួនឯង ជាមុនស្រេចទៅហើយ ដូចយកដៃទាំងពីរចាប់ដុំរងើក ភ្លើង គប់គ្រវែងដាក់អ្នកដទៃ វារមែងឆេះដៃខ្លួនឯងជាមុន ឬដូចយកដៃចាប់លាមកចោលដាក់ទៅគេ ក៏ធ្វើឱ្យខ្លួនឯង ស្អុយជាមុនរួចស្រេចទៅហើយដែរ ។
កាលពិចារណាអំពីកម្មដែលខ្លួនឯងបានធ្វើ ដូច្នេះ ហើយ គប្បីពិចារណា ទៅលើអ្នកដទៃក្នុងទំនងដូចគ្នា គឺ កាលដែលគេក្រោធហើយ គេបានធ្វើនូវកម្មអាក្រក់ គេ នឹងទទួលផលកម្មរបស់គេតទៅ កមμអាក្រក់នោះ នឹងមិន ជួយឱ្យគេបានទទួលផលល្អ មានសេចក្តីសុខអ្វីឡើយ មាន តែផលអាក្រក់ ចាប់ផ្តើមតាំងអំពីដុតរោលចិត្តរបស់គេ ជាដើមទៅ ។
ក្នុងកាលដែលមនុស្សយើងមានកម្មជារបស់ខ្លួន រៀងៗខ្លួន ទទួលផលកម្មរៀងៗខ្លួន ដូច្នេះ យើងមិនចាំបាច់គិតខ្វល់ខ្វាយឱ្យក្តៅក្រហាយចិត្តនោះទេ តាំងចិត្ត ធ្វើតែអំពើល្អទៅបានហើយ ។

ពិចារណាបុព្វចរិយារបស់ព្រះពុទ្ធជាអង្គម្ចាស់

ព្រះពុទ្ធជាអង្គម្ចាស់មុននឹងបានត្រាស់ដឹង ទ្រង់បាន បំពេញនូវព្រះបារមីទាំងឡាយ អស់កាលដ៏យូរអង្វែងរហូត មក ទ្រង់បានបំពេញនូវប្រយោជន៍ឱ្យដល់អ្នកដទៃ ដោយ ព្រះអង្គព្រមលះបង់សូម្បីតែព្រះជន្មរបស់ព្រះអង្គឯង ។
ព្រះអង្គកាលដែលត្រូវគេបៀតបៀន ដោយវិធី ផ្សេងៗ ទ្រង់មិនក្រោធឡើយ ទ្រង់យកសេចក្តីល្អចូលមកជំនួស ។ ដល់ទៅថ្នាក់គេតាំងខ្លួនជាសត្រូវនឹងព្រះអង្គ ព្យាយាមសម្លាប់ព្រះអង្គ ទ្រង់ក៏មិនមានចិត្តគិតប្រទូសរ៉ាយ ដែរ ។ ពេលខ្លះព្រះអង្គជួយគេដោយប្រឹងប្រែងជាទីបំផុត ជំនួសអ្វីដែលគេត្រូវដឹងគុណ គេត្រឡប់បែរជាប្រទូសរ៉ាយ មករកព្រះអង្គវិញ ទោះបីយ៉ាងនេះក៏ដោយ ក៏ព្រះអង្គ មិនក្រោធដែរ ព្រះអង្គនៅតែធ្វើល្អដល់គេតទៅទៀត ។
ពុទ្ធចរិយាដូចដែលពោលមកនេះ ជាគុណជាតិ ដែលមនុស្សទូទៅលំបាកនឹងបដិបត្តិបាន តែក៏ជាតួយ៉ាងដ៏ ល្អ ដែលពុទ្ធបរិស័ទគួរនាំយកមករំលឹកដាស់តឿនខ្លួន ក្នុង កាលដែលបានជួបប្រសព្វនូវហេតុការណ៍ផ្សេងៗ ។ ការ នាំយកនូវពុទ្ធចរិយាជាតួយ៉ាងបែបនេះមករំលឹកដាស់តឿន ខ្លួន នាំឱ្យយើងមានសេចក្តីអត់ធន់ ព្រោះអ្វីដែលយើងបាន ទទួលដូចសព្វថ្ងៃនេះ កាលបើប្រៀបធៀបជាមួយនឹងព្រះ- ពុទ្ធជាអង្គម្ចាស់ ដែលទ្រង់ធ្លាប់បានជួបប្រសព្វមកហើយ នោះ រឿងរបស់យើងចាត់ថាបន្តិចបន្តួចណាស់ គឺមិនអាចប្រៀបធៀបនឹងព្រះអង្គបានទេ ។
ក្នុងហេតុការណ៍ដែលព្រះពុទ្ធជាអង្គម្ចាស់ ទ្រង់ បានជួបប្រសព្វមកហើយនោះ គឺធ្ងន់ធ្ងរក្រៃលែងណាស់ ព្រះអង្គនៅតែរម្ងាប់សេចក្តីក្រោធបាន នៅតែមានមេត្តា តទៅទៀត ចុះវាជាអ្វីដែរ ចំពោះករណីបន្តិចបន្តួចរបស់ យើងនេះ ដែលយើងជាសិស្សរបស់ព្រះអង្គថាមិនអាច រម្ងាប់បាន ។ បើយើងមិនដើរតាមព្រះចរិយាវត្តរបស់ ព្រះអង្គទេ គឺជាការមិនសមគួរឡើយ ត្រង់ដែលយើងយក ព្រះអង្គជាព្រះសាស្តានោះ ។
ពុទ្ធចរិយាវត្ត ទាក់ទងនឹងសេចក្តីអត់ធន់ ការលះបង់ ព្រមទាំងមេត្តាករុណារបស់ព្រះអង្គ លោកបាន ចងក្រងទុកក្នុងព្រះជាតក មានច្រើនរឿងណាស់ ហើយ ដោយច្រើនសុទ្ធតែវែងៗ ដែលមិនអាចនាំយកមកសម្តែង ទុកក្នុងទីនេះបាន គ្រាន់តែសូមលើកយកព្រះជាតក ជាតួ យ៉ាងខ្លីៗ និងដោយសេចក្តីសង្ខេបមកតែប៉ុណ្ណោះ ៖
គ្រាមួយ ព្រះបរមពោធិសត្វកើតជាព្រះរាជាក្រុង ពារាណសី មានព្រះនាមថា ព្រះបាទមហាសីលវៈ គ្រានោះអាមាត្យម្នាក់របស់ព្រះអង្គមានកំហុស ត្រូវនិរទេស។ អាមាត្យនោះឯងបានចូលទៅបម្រើការថ្វាយព្រះបាទកោ- សល ។ ដោយអាមាត្យនោះមានគំនុំក៏បានឱ្យចោរចូល មកលួចប្លន់ នៅក្នុងដែនដីរបស់ព្រះបាទមហាសីលវៈជា រឿយៗ ។ កាលដែលរាជបុរសចាប់ចោរទាំងនោះបាន
ព្រះមហាសីលវៈទ្រង់ទូនμនាអប់រំហើយ ក៏លែងឱ្យរួចខ្លួន ទៅ ព្រមទាំងបានប្រទានទ្រព្យឱ្យខ្លះផង ដូចនេះជានិច្ច ។
ក្នុងទីបំផុត អាមាត្យកំហូចនោះ ក៏យកហេតុការណ៍ទាំងអស់នេះ មកញុះញង់ព្រះបាទកោសលថា ព្រះបាទសីលវៈទន់ខ្សោយណាស់ បើលើកទ័ពទៅច្បាំង គង់នឹងដណ្តើមយកនគរពារាណសីបានដោយងាយ ។ ព្រះបាទកោសលទ្រង់ជឿ ទើបលើកកងទ័ពចូលមកច្បាំង ដណ្តើមយកនគរពារាណសី ។ ព្រះមហាសីលវៈទ្រង់មិន ឱ្យប្រជារាស្ត្រក្តៅក្រហាយដោយសង្គ្រាម ទើបព្រះអង្គ មិនតប ត អ្វីឡើយ ព្រះអង្គបណ្តោយឱ្យព្រះបាទកោសល ដណ្តើមយករាជសម្បត្តិហើយចាប់ព្រះអង្គបាន ។ ព្រះបាទ កោសលចាប់ព្រះបាទសីលវៈបានហើយ ក៏ឱ្យយកទៅកប់ ទាំងរស់ត្រឹមក ក្នុងព្រៃស្មសាន រង់ចាំដល់ពេលយប់ជ្រៅ នឹងឱ្យឆ្កែចចកមកស៊ីតាមវិធីប្រហារជីវិតក្នុងសម័យនោះ។
ដល់ពេលពាក់កណ្តាលយប់ ឆ្កែចចកចូលមក ព្រះបាទសីលវៈទ្រង់ប្រើប្រាជ្ញានិងសេចក្តីក្លាហាន បានយក ចង្កាសង្កត់មាត់ឆ្កែចចកមួយ ដែលចូលមករកខាំករបស់ ព្រះអង្គ កាលឆ្កែនោះភ្ញាក់ផ្អើលនិងខំប្រឹងរើបម្រះវីវក់ នោះ ឆ្កែចចកផ្សេងៗទៀតក៏រត់ទៅ ហើយធ្វើឱ្យដីក្នុង បរិវេណរណ្តៅកប់ព្រះអង្គ ខ្ចាត់ខ្ចាយរបើកចេញ រហូត ដល់ធ្វើឱ្យទ្រង់កែខៃនាំខ្លួនព្រះអង្គចេញមកបាន ។
នៅក្នុងពេលយប់នោះឯង ទ្រង់បានលបចូលទៅ រហូតដល់បន្ទប់ផ្ទំរបស់ព្រះបាទកោសល ព្រមដោយព្រះខ័ន ទ្រង់ទុកជីវិតព្រះបាទកោសល ទ្រង់ព្រះរាជទានអភ័យ ហើយទ្រង់យកព្រះនគររបស់ព្រះអង្គមកវិញ ។ ព្រះបាទ កោសលស្បថមិនឈ្លានពាននគរពារាណសីទៀតឡើយ ។
ព្រះបាទសីលវមហារាជ ទ្រង់បានស្ថាបនាព្រះបាទ កោសលឱ្យជាសម្លាញ់ ហើយទ្រង់ឱ្យត្រឡប់ទៅគ្រប់គ្រង ដែនកោសលដូចដើមវិញ តរៀងទៅ ។
អាមាត្យកំហូចបានមកជាទេវទត្ត ។ ឯចំណែកព្រះបាទសីលវមហារាជបានមកជាព្រះតថាគត។
( មហាសីលវជាតក ក្នុងឯកនិបាតជាតក ចប់ដោយសង្ខេប )
រឿងមួយទៀត គឺព្រះបរមពោធិសត្វ កើតជាមហាពានរនៅក្នុងព្រៃ ។ គ្រានោះមានបុរសម្នាក់តាមរកគោ របស់ខ្លួន បានចូលមកកណ្តាលព្រៃ ហើយភ្លាត់ជើងធ្លាក់ ចូលទៅក្នុងជ្រោះ ឡើងមិនរួច អត់អាហារ អស់កម្លាំង ស្លេកស្លាំងនៅក្នុងជ្រោះហ្នឹងឯង ។
ដប់ថ្ងៃកន្លងមក មហាពានរក៏បានចុះទៅជួប កើតក្តីអាណិត ទើបជួយឱ្យឡើងមកបាន ។ កាលមហា ពានរហត់នឿយទើបសម្រាកយកកម្លាំង ហើយក៏ដេកលក់ ទៅ ។ បុរសនោះបានកើតគំនិតអាក្រក់ ដោយគិតថា ស្វា នេះ ក៏ជាអាហាររបស់មនុស្ស ដូចសត្វព្រៃដទៃៗទៀតដែរ ឥឡូវនេះអញឃ្លានខ្លាំងណាស់ អញនឹងសម្លាប់ស្វានេះស៊ី រួចហើយនៅសល់សាច់ អញនឹងយកទុកធ្វើជាស្បៀង ទៅ តាមផ្លូវ ។ គិតដូច្នេះហើយ ក៏បានរកដុំថ្មធំមួយដុំ យក មកគប់ក្បាលមហាពានរក្នុងពេលនោះឯង ។ ដុំថ្មនោះ បានធ្វើឱ្យមហាពានររបួសជាទម្ងន់ តែមិនដល់ស្លាប់ទេ ដោយសារកម្លាំងគប់នោះមានសភាពខ្សោយ ។ មហាពានរភ្ញាក់ដឹងខ្លួន ប្រឹងគេចរត់ឡើងទៅលើដើមឈើ សម្លឹងមើលមកមនុស្សអាក្រក់ដែលជាមនុស្ស ទ្រុស្តមិត្តនោះទាំងឈាមកំពុងហូរស្រោចខ្លួន ។ ដោយ ក្រែងថាបុរសនោះវង្វេងរកផ្លូវចេញពីព្រៃមិនបាន ដូច្នេះ ទាំងដែលខ្លួនឯងកំពុងតែឈឺចាប់ដ៏ខ្លាំងក្លា ក៏នៅខំលោត ទៅតាមមែកឈើ ដើម្បីជួយនាំផ្លូវឱ្យបុរសនោះចេញផុត ពីព្រៃទៀតផង ។

(មហាកបិជាតកក្នុងតឹសតិនិបាតចប់ដោយសង្ខេប )

ន ហិ វេរេន វេរានិ សម្មន្តីធ កុទាចនំ
អវេរេន ច សម្មន្តិ ឯស ធម្មោសនន្តនោ ។

ក្នុងកាលណាក៏ដោយ ធម្មតាពៀរទាំងឡាយ
ក្នុងលោកនេះ មិនដែលស្ងប់រម្ងាប់ ដោយការចងពៀរ
ឡើយ តាមការពិត ពៀរទាំងឡាយតែងស្ងប់រម្ងាប់បាន ដោយការមិនចងពៀរ ។

Photos

Loading…
  • Add Photos
  • View All

Blog Posts

ភិក្ខុ ខន្តិបាលោ

ការពិចារណាហេតុផលនិងបដិបត្តិក្នុងការឱ្យទាន

សូមឱ្យពុទ្ធបរិស័ទទាំងឡាយ…

Continue

Posted by ភិក្ខុ ខន្តិបាលោ on February 14, 2010 at 11:51pm

ភិក្ខុ ខន្តិបាលោ

ពិចារណាដោយវិធីចែកធាតុ

ការពិចារណាបែបនេះ…

Continue

Posted by ភិក្ខុ ខន្តិបាលោ on February 14, 2010 at 11:48pm

ភិក្ខុ ខន្តិបាលោ

ធ្វើយ៉ាងណាទើបបាត់ក្រោធ ?

ព្រះពុទ្ធសាសនា ជាសាសនានៃមេត្តាករុណា…

Continue

Posted by ភិក្ខុ ខន្តិបាលោ on February 14, 2010 at 4:00am

Forum

ភិក្ខុ ខន្តិបាលោ

Download

Started by ភិក្ខុ ខន្តិបាលោ Feb 22, 2010.

ភិក្ខុ ខន្តិបាលោ

បញ្ជាក់

Started by ភិក្ខុ ខន្តិបាលោ Feb 18, 2010.

ភិក្ខុ ខន្តិបាលោ

សុខព្រោះមិនកើតទុក្ខ

Started by ភិក្ខុ ខន្តិបាលោ Feb 12, 2010.

ភិក្ខុ ខន្តិបាលោ

ឱ្យអភ័យជានិច្ច

Started by ភិក្ខុ ខន្តិបាលោ Feb 12, 2010.

ភិក្ខុ ខន្តិបាលោ

សុខព្រោះមិនបៀតបៀនអ្នកដទៃ

Started by ភិក្ខុ ខន្តិបាលោ Feb 12, 2010.

ភិក្ខុ ខន្តិបាលោ

មេត្តាធម៌

Started by ភិក្ខុ ខន្តិបាលោ Feb 12, 2010.

ភិក្ខុ ខន្តិបាលោ

ប្រដៅមនុស្ស

Started by ភិក្ខុ ខន្តិបាលោ Feb 12, 2010.

ភិក្ខុ ខន្តិបាលោ

ការស្វែងរកសេចក្តីសុខ

Started by ភិក្ខុ ខន្តិបាលោ Feb 12, 2010.

ភិក្ខុ ខន្តិបាលោ

ភ្លើងព្យាបាទ

Started by ភិក្ខុ ខន្តិបាលោ Feb 12, 2010.

ភិក្ខុ ខន្តិបាលោ

ភ្លើងកំហឹង

Started by ភិក្ខុ ខន្តិបាលោ Feb 12, 2010.

 
 
 

ចំនួនអ្នកទស្សនា

free counters
អ្នកកំពុងទស្សនា

Videos

  • Add Videos
  • View All

Badge

Loading…

ពត៌មានប្រចាំថ្ងៃ

Loading… Loading feed

© 2012   Created by ភិក្ខុ ខន្តិបាលោ.   Powered by .

Badges  |  Report an Issue  |  Terms of Service